កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / ម្ហូបអាហារ / Author : ATH Sokren
កាលពីខែមិថុនា ក្រុមហ៊ុនខនហ្វីរេលបានមកដល់ចំណុចរបត់មួយយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ធំៗចំនួនពីរនៅទីក្រុងវីយែន ប្រទេសអូទ្រីស។
ជាដំបូង ក្រុមហ៊ុនខនហ្វីរេលមានកិត្តិយសដោយទទួលបានពានរង្វាន់អ្នកចំណូលថ្មីឆ្នាំ២០២៥ (Nouveau Venu) ក្នុងកម្មវិធី Free From Specialty ដែលជាពិព័រណ៍ដ៏ធំមួយនៅអឺរ៉ុបផ្នែកចំណីអាហារពិសេស និងគ្មានអាលែកហ្ស៊ី។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាព និរន្តរភាព និងការច្នៃប្រឌិតក្នុងវិស័យកសិ-ចំណីអាហារ។
ពិព័រណ៍ Free From Specialty គឺជាឱកាសមួយដ៏សំខាន់សម្រាប់បង្ហាញពីសមត្ថភាពកសិកម្មរបស់កម្ពុជាទៅដល់អតិថិជន និងអ្នកចែកចាយនៅអឺរ៉ុប។ អ្នកចូលរួមបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផលិតផល និងរបៀបផលិតប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនយើង។ ទាំងនេះសបញ្ជាក់ពីការកើនឡើងនៃតម្រូវការជាសាកលសម្រាប់ចំណីអាហារពិសេសដែលមានគុណភាព និងមានប្រភពច្បាស់លាស់។
ក្នុងកម្មវិធីផ្តល់ពានរង្វាន់ តំណាងក្រុមហ៊ុនខនហ្វីរេលបានលើកឡើងពីប្រវត្តិការងាររបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រាប់ទៅអ្នករៀបចំពិព័រណ៍ ដោយគូសបញ្ជាក់ពីចក្ខុវិស័យក្នុងនាមជាស្ថាបនិកដែលបានដឹកនាំការអភិវឌ្ឍន៍ក្រុមហ៊ុនខនហ្វីរេលតាំងពីជាងពីរទសវត្សរ៍មកហើយ។
បន្ទាប់មក ក្រោយពីពិព័រណ៍នេះត្រូវបានបញ្ចប់ ក្រុមការងាររបស់ក្រុមហ៊ុនខនហ្វីរេលក៏បានជួបជាមួយដៃគូសហការរបស់ខ្លួននៅស្នាក់ការអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ដើម្បីបូកសរុបលទ្ធផលនៃគំនិតផ្តួចផ្តើមសហការគ្នាដែលកំពុងតែដំណើរការ។ កិច្ចពិភាក្សាផ្តោតទៅលើការវិវត្តន៍របៀបនៃការកែច្នៃផលិតផលកសិកម្មរបស់ក្រុមហ៊ុនយើង និងសក្កានុពលនៃការកែច្នៃនេះសម្រាប់យកទៅអនុវត្តនៅប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។
ដៃគូសហការរបស់យើងមកពីអង្គការ UNIDO ចាប់អារម្មណ៍ជាពិសេសទៅលើរបៀបធ្វើការសិក្សាវិភាគរបស់យើងដែលសំដៅជំនះឧបសគ្គការអភិវឌ្ឍន៍កសិកម្មបែបប្រពៃណី ជាពិសេសគឺការចំណាយទៅលើការទទួលបានវិញ្ញាបនបត្រ លទ្ធភាពទទួលបានហិរញ្ញប្បទាន ការសម្របសម្រួលទៅតាមអាកាសធាតុ ភាពវៃឆ្លាតក្នុងការរកទីផ្សារ និងការបញ្ចូលបច្ចេកវិទ្យាថ្មីៗ។
ព្រឹត្តិការណ៍ធំៗទាំងពីរនេះឆ្លុះបញ្ចាំងពីនិន្នាការនៃការយល់ឃើញកាន់តែទូលំទូលាយពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនហ៊ុនខនហ្វីរេលរបស់ដៃគូអន្តរជាតិ។ អង្គការអភិវឌ្ឍន៍នានា និងដៃគូពាណិជ្ជកម្មមិនត្រឹមតែជួយឧបត្ថម្ភតែម្យ៉ាងប៉ុណ្ណោះទេ គឺងាកមកចាប់អារម្មណ៍សិក្សាលើរបៀបធ្វើការរបស់ក្រុមហ៊ុនយើងកាន់តែច្រើនឡើងៗ។ នេះសបញ្ជាក់ឱ្យឃើញថា ពួកគេទទួលស្គាល់ពីជំនាញរបស់យើង និងលទ្ធផលដែលយើងទទួលបាន។
ការវិត្តន៍នេះគឺជាជំហានមួយដ៏សំខាន់ គឺថាយើងបានវិវត្តខ្លួនពីក្រុមហ៊ុនដែលត្រូវការជំនួយ មកជាប្រភពនៃដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិត ដែលអ្នកដទៃអាចយកគំនិតរបស់យើងទៅប្រើដោយសម្របតាមស្ថានភាពជាក់ស្តែង។
ភាពជាដៃគូ និងការរៀនសូត្របានមកពីពិព័រណ៍នៅទីក្រុងវីយែននឹងចូលរួមចំណែកផ្តល់ជាគំនិតផ្តួចផ្តើមថ្មីៗសម្រាប់យកទៅអនុវត្តនៅពេលខាងមុខដ៏ខ្លី។ គំនិតផ្តួចផ្តើមថ្មីនេះគឺផ្អែកទៅលើបេសកកម្មស្នូលរបស់យើងក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដោយរក្សាការប្តេជ្ញាចិត្តរបស់យើងចំពោះកំណើនប្រកបដោយនិរន្តរភាព និងផ្តោតលើសហគមន៍។
ក្រុមហ៊ុនខនហ្វីរេលបន្តបង្ហាញថា ក្រុមហ៊ុននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍អាចបង្កើតគំនិតច្នៃប្រឌិតជាសាកលក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងចូលរួមចំណែកអភិវឌ្ឍជនបទ៕